News

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុង​បាត់ដំបង​ដើម្បី​ស្នើ​អង្គការ UNESCO បញ្ចូលទៅជា​ទីក្រុង​បុរាណ

ភ្នំពេញ៖ ក្រសួង​ចំនួន៣និង​ស្ថាប័ន​ពាក់​ព័​ន្ឋ បាននិងកំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ដាក់​ទៅកាន់​អង្គការ​យូនេស្កូ ដើម្បី​ស្នើ​ឲ្យ​អង្គការ​នេះ​បញ្ចូល​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បុរាណ​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កាន់តែច្រើន។


ក្រសួង​ទាំងនោះ​មានដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ។

លោក កើត ពុទ្ធ​វ​រី នាយក វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តីពី ការកសាង​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី១ វិច្ឆិកា​កន្លងមក​ថា មុន​ឈានដល់​ការស្នើ UNESCO ដាក់បញ្ចូល​ក្រុង​បាត់ដំបង​ទៅជា​ទីក្រុង​បុរាណ ការងារ​ដំបូង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ មាន​ប្រវត្តិ ខេត្ត ផ្ទះ​បុរាណ អគារ​បុរាណ និង​វត្ត​បុរាណ ជាដើម ឲ្យ​បានច្បាស់លាស់ ដើម្បី​បង្ហាញ​ទៅ​គេ។


លោក​បន្តថា ជំហាន​បន្ទាប់ ក្រសួង​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់ នៅក្នុង​ផ្ទះ​បុរាណ ឬ​ផ្ទះ​សល់​ពី​សម័យ​បារាំង មក​ពន្យល់ កុំ​ឲ្យ​កែកុន​ផ្ទះ​ខុស​លក្ខណៈ​ដើម ព្រោះ​ថាបើ​រក្សា​រចនាបទ​ដើម នឹងមាន​ការទាក់ទាញ ហើយ​ការងារ​ពន្យល់​ណែនាំ​នេះ គឺ​បានធ្វើ​ជោគជ័យ​ហើយ នៅ ក្នុង​ក្រុង​ក្រចេះ ដែល​គ្រោង​នឹង​ស្នើ​អង្គការ UNESCO ដាក់បញ្ចូល​ជាទី​ក្រុង​បុរាណ​របស់​ពិភពលោក​ផងដែរ។

អភិបាលរង​ខេត្ត​ន​បាត់ដំបង លោក ហឿង សុគន្ធ បាន​មានប្រសាសន៍ថា ដើម្បីឲ្យ​សម្រេចបាន​នូវ​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព និង​ទីក្រុង​បាត់ដំបង ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជួយ​សហការគ្នា​អនុវត្ត​ឲ្យ​បាន ឲ្យ​ស្របតាម​សូចនាករ ដែល​បានកំណត់។

លោក​បន្តថា “សន្តិភាព សាមគ្គីភាព ការរួបរួម​គ្នា នឹង​នាំ​ឲ្យ​អាច​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ហើយ​ការបញ្ចូល​ឈ្មោះ​ទីក្រុង​បាត់ដំបង ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​កិត្តិយស​ដ៏​ប្រពៃ​មួយ​សម្រាប់​ខេត្ត វា​ក៏​ជាការ​ផ្សព្វផ្សាយ​ទៅដល់​ពិភពលោក​ឲ្យ​ស្គាល់​ពី​បាត់ដំបង។

ក្នុង​ក្រុង​បាត់ដំបង មាន​សល់​ផ្ទះ​បុរាណ សំណង់​អគារ​សម័យ​បារាំង ព្រមទាំង​វត្ត​បុរាណ​ជាច្រើន ដែល​បេ​តិក​ភ័​ណ្ឌ​ទាំងអស់នេះ គឺជា​តឹកតាង​បង្ហាញថា ទីក្រុង​បាត់ដំបង មាន​អាយុកាល​ច្រើន​ឆ្នាំ និង​មាន​ប្រវត្តិ​ទាក់ទង​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។

រយៈពេល៩ខែ ឆ្នាំនេះ​ខេត្តបាត់ដំបង បានទទួល​ភ្ញៀវទេសច​រ ជាង៤០ម៉ឺន​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៧ មានការ​កើនឡើង​ចំនួន៧.៨៩ភាគរយ៕

ប្រភព : Property area & KHMERHOME

Leave a Reply

Your email address will not be published. Required fields are marked *